សូមស្វាគមន៍ប្អូនៗ និងក្មួយៗ
ជាបឋមសូមអបអរសាទរចំពោះក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យកាលកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែក៏សូមលើកទឹកចិត្តផងដែរដល់ក្មួយៗ ដែលមិនបានប្រឡងជាប់ សូមកុំឲ្យអស់សង្ឃឹមក្នុងការសិក្សា ព្រោះក្មួយៗអាចចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាបានលើគ្រប់មុខជំនាញដូចអ្នកជាប់ដែរ គឺសិក្សាថ្នាក់បរិញ្ញាបត្ររង ហើយអាចផ្ទេរការសិក្សាបន្តយកបរិញ្ញាបត្របានដែរ។
សូមជម្រាបជូនដល់ក្មួយៗទាំងអស់ថា សាកលវិទ្យាល័យវេស្ទើន កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយក្នុងវិស័យអប់រំ ដោយបានកំណត់យក គុណភាពបង្រៀន និងរៀន កម្មវិធីសិក្សា វិន័យ និងសេវាកម្ម ជាយុទ្ធសាស្រ្តគោលចម្បងក្នុងការបណ្តុះបណ្តាល។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យវេស្ទើន ក៏បានបញ្ចូលទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) ដល់និស្សិតគ្រប់រូប។
ជាលទ្ធផលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននិស្សិតចុះឈ្មោះរៀននៅសាកលវិទ្យាល័យវេស្ទើន បន្តកើនឡើងជាលំដាប់ ទោះបីចំនួននៃសិស្សប្រឡងជាប់បាក់ឌុបមានចំនួនថយចុះបន្ទាប់ពីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាក៏ដោយ។
និស្សិតទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការអភិវឌ្ឍសាកលវិទ្យាល័យ និងសកម្មភាពនានាដូចជា៖
- ការចូលរួមផ្តល់យោបល់ក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងការបង្រៀនរបស់សាស្រ្តាចារ្យ
- ការចូលរួមក្នុងការរៀបចំកម្មវិធីនានាដូចជា សិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មវិធីជួយដល់សហគមន៍ និងកម្មវិធីផ្សេងៗទៀត
តាងនាមឲ្យគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យវេស្ទើន យើងខ្ញុំសូមអរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ប្អូនៗ ក្មួយៗ ដែលបានជ្រើសរើសយកសាកលវិទ្យាល័យវេស្ទើន ដើម្បីចាប់យកជំនាញសម្រាប់អនាគត ហើយយើងខ្ញុំសន្យាថានឹងមិនឲ្យប្អូនៗ ក្មួយៗខកបំណងឡើយ។
សូមអរគុណ!
